
នៅព្រឹកដ៏ត្រជាក់នាថ្ងៃសុក្រនេះ ក្នុងទីក្រុងតំបន់ឆ្នេរ Wajima ដែលរងគ្រោះដោយសារការរញ្ជួយដី លោក Aydin Muhammet និងក្រុមនិយោជិករបស់លោក បានរៀបចំស៊ុបក្តៅៗ និងបាយនៅមុខមជ្ឈមមណ្ឌលសហគមន៍សម្រាប់អ្នក ជម្លៀសខ្លួន ។
ក្រុមស្ម័គ្រចិត្តជនជាតិទួរគី ១០នាក់ មកពីក្រុមហ៊ុនសំណង់ដែលលោក Muhammet គ្រប់គ្រងនៅតំបន់ភាគកណ្តាលប្រទេសជប៉ុន បានរៀបចំម្ហូបអាហារ ចាប់ពីមុនវេលាម៉ោង ៥ព្រឹកមកម្ល៉េះ ដើម្បីផ្តល់អាហារក្តៅៗលើកដំបូងដល់ជនរងគ្រោះ ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានអង្រួនទីក្រុងរបស់ពួកគេ នៅថ្ងៃចូលឆ្នាំសកល ។
លោក Muhammet ដែលរស់នៅលើទឹកដីកំណើតភរិយារបស់លោកអស់រយៈពេល ៣០មកហើយនោះ និយាយថា លោកត្រូវតែធ្វើរឿងអ្វីម្យ៉ាង ក្រោយមើលឃើញព័ត៌មាននៃការបំផ្លិចបំផ្លាញលើកញ្ចក់ទូរទស្សន៍ ។
ក្រុមអាជ្ញាធរជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារឧបទ្ទីប Noto ភាគកណ្តាលរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ៩២នាក់នៅក្នុងខេត្ត Ishikawaតែមួយគត់ ហើយមនុស្ស ២៤២ នាក់នៅតែបាត់ខ្លួនក្នុងខេត្តមួយនេះ។
ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ និងភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅតាមគំនរបាក់បែកនៃលំឋានដែលដួលរលំនៅភាគខាងលិចប្រទេសជប៉ុន ដោយសង្ឃឹមថានឹងអាចរកឃើញអ្នករស់រានពីការរញ្ជួយដីនៅដើមសប្តាហ៍នេះ ៕