
ស្ត្រីម្នាក់ ដែលមានវ័យជាង ៨០ឆ្នាំ ត្រូវបានជួយសង្គ្រោះពីក្រោមផ្ទះរបស់គាត់ ដែលរលំបាក់ នៅក្នុងទីក្រុង Wajima របស់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) ខណៈដែលបុគ្គលិកជម្លៀស បានញាប់ដៃញាប់ជើង ដើម្បីស្វែងអ្នកនៅរស់រានមានជីវិតបន្ទាប់ពីការរញ្ជួយដី នៅថ្ងៃចូលឆ្នាំសកល។
នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Osaka ដែលបានឆ្លើយតបទៅនឹងការសុំជំនួយរបស់លោកយាយ នៅវេលាម៉ោងប្រហែល ១៦:២៨នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:២៨នាទី ម៉ោងសកល) បាននិយាយថា អ្នកស្រុករូបនេះ នៅមានស្មារតី ខណៈពេលដែលជាប់នៅក្រោមជាន់ទីមួយនៃផ្ទះ ដែលរលំបាក់នោះនោះ។ នាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ថា ក្រោយមកលោកយាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងនោះ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារឧបទ្វីប Noto ភាគខាងលិចប្រទេសជប៉ុន កាលពីរសៀលថ្ងៃចន្ទ (ទី១ ខែមករា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៤នាក់ និងធ្វើឲ្យមនុស្សប្រមាណ ៣៣.០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
ដោយមានមនុស្សជាង ២០០នាក់ បាត់ខ្លួន ហេតុការណ៍នេះអាចជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត គិតចាប់តាំងពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន ក្នុងឆ្នាំ២០១១៕