
និយ័តករអាកាសចរណ៍សហរដ្ឋអាមេរិក បានបញ្ជាមិនអនុញ្ញាតឲ្យហោះហើរយន្តហោះ Boeing 737 Max 9 មួយចំនួន ក្រោយបំណែកតួយន្តហោះមួយគ្រឿង បានធ្លាក់នៅពាក់កណ្តាលអាកាសលើរយៈកម្ពស់ ៤.៨៧៦ម៉ែត្រ អំឡុងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska ។
គួរឲ្យដឹងថា បំណែកតួយន្តហោះបានផ្ទុះដាច់ចេញនៅផ្នែកខាងឆ្វេងរបស់យន្តហោះ Boeing 737 Max 9 ភ្លាមៗ ពេលវាហោះចេញពីទីក្រុង Portland រដ្ឋ Oregonតាមផ្លូវទៅកាន់ទីក្រុង Ontario រដ្ឋ Californiaបង្ខំឲ្យអ្នកបើកបរយន្តហោះ ត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយអ្នកដំណើរ ១៧១នាក់ និងក្រុមយានិក ៦នាក់ ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក(FAA) និយាយថា ការអង្កេត នឹងធ្វើឲ្យប៉ះពាល់ដល់យន្តហោះចំនួន ១៧១គ្រឿង ។
ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក និយាយថា ពួកគេបានអង្កេតតាមតម្រូវការរបស់ FAA លើយន្តហោះ Boeing 737 Max 9ចំនួន ៧៩គ្រឿង ។
ក្រុមហ៊ុនអាកាសចរណ៍ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការមិនអនុញ្ញាតឲ្យហោះហើរយន្តហោះនេះដែរ បណ្តាលឲ្យលុបចោលជើងហោះហើរចំនួន ៦០វ៉ុល ។
សូមបញ្ជាក់ថា យន្តហោះម៉ូដែលលក់ដាច់ជាងគេបំផុតរបស់ក្រុមហ៊ុន Boeing មួយនេះ កាលពីមុនមិនត្រូវបានគេអនុញ្ញាតឲ្យហោះហោះរអស់រយៈពេលជិត ២ឆ្នាំ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ៕