
យោងតាមក្រុមអាជ្ញាធរក្នុងតំបន់ ជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាជាង៨.០០០នាក់ ត្រូវបានបាត់បង់ផ្ទះសម្បែង នៅថ្ងៃអាទិត្យទី៧ មករា បន្ទាប់ពីអគ្គិភ័យបានឆាបឆេះជំរំមួយនៅឯ តំបន់ខូកបាហ្សា (Cox's Bazar) ភាគអាគ្នេយ៍របស់ប្រទេសបង់ក្លាដែស។
លោក ហ្សារីហ្វ៊ូលអ៊ីស្លាម (Shariful Islam) មន្ត្រីពន្លត់អគ្គិភ័យជាន់ខ្ពស់មកពីទីក្រុង អ៊ូហ៊ីយ៉ា(Ukhiya)ក្បែរនោះ ដែលបានចូលរួមក្នុងការពន្លត់អគ្គិភ័យបានប្រាប់សារព័ត៌មាន Reuters ថាជម្រកបណ្តោះអាសន្នជាង១.០០០ខ្នង ត្រូវបានភ្លើងឆេះបំផ្លាញ នៅម៉ោង ៣ ទៀបភ្លឺ កាលពីថ្ងៃទី ៦ ខែមករា។
គេនៅមិនទាន់ដឹងនៅឡើយពីមូលហេតុ បណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនេះ ហើយក៏មិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ដែរ ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់រស់នៅក្នុងជំរំក្នុងទីក្រុងខូក បាហ្សា (Cox's Bazar) ដែលភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាប ដឹកនាំដោយយោធានៅក្នុងសហភាពមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ ហើយភ្លើងតែងតែឆាបឆេះឡើងក្នុងចំណោមសំណង់បណ្តោះអាសន្នរបស់ជំរំនេះ។
អគ្គិភ័យដ៏ធំនកាលពីខែមីនាឆ្នាំ២០២១ បានសម្លាប់ជនភៀសខ្លួនយ៉ាងហោចណាស់ ១៥ នាក់ និងឆេះបំផ្លាញទីជម្រកជាង ១ម៉ឺនខ្នង៕