បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Ousmane Dembele មិនត្រឹមតែត្រូវអវត្តមានពេញមួយព្រឹត្តិការណ៍ Euro ២០២០ ដែលនៅសល់អោយក្រុមបារាំងនោះទេ ថែមទាំងត្រូវសម្រាកយ៉ាងហោចណាស់ ៣ខែដោយសាររបួសជង្គង់។

Dembele ត្រូវបានផ្លាស់ប្ដូរចូលលេងនៅវគ្គទី២ ក្នុងជំនួបដែលបារាំងស្មើជាមួយហុងគ្រី ១-១ កាលពីថ្ងៃសៅរ៍តែក៏ត្រូវបានផ្លាស់ចេញវិញក្រោយលេងបាន ៣០នាទី។ Dembele ត្រូវបានក្រុមគ្រូពេទ្យនៅទីក្រុង Budapest ប្រទេសហុងគ្រីថតមើលពីអាការៈរបួសរបស់គេ ហើយក៏បានបញ្ជាក់ដែររបួសជង្គង់ទាមទារអោយមានការវះកាត់ និងត្រូវសម្រាកយ៉ាងហោចណាស់ ៣ខែ។ របួសយូរបែបនេះក៏នឹងជះឥទ្ធិពលដល់ Barcelona ផងដែរក្នុងការចាប់ផ្ដើមរដូវកាលថ្មី La Liga នៅខែសីហាខាងមុខ។
ចំណែកបារាំងនឹងត្រូវជួបជាមួយព័រទុយហ្កាល់ក្នុងជំនួបចុងក្រោយក្នុងពូល F នៅថ្ងៃពុធនេះ។ ក្រុមរបស់លោក Didier Deschamps កំពុងនាំមុខគេក្នុងពូល F នេះមាន ៤ពិន្ទុស្មើគ្នាជាមួយអាល្លឺម៉ង់ តែនៅឈរពីលើដោយសារបានយកឈ្នះអាល្លឺម៉ង់ ១-០ ខណៈព័រទុយហ្កាល់ឈរលេខ៣ មាន ៣ពិន្ទុ ឯហុងគ្រីលេខ៤ មាន ១ពិន្ទុ។ មិនមានវត្តមាន Dembele ក៏មិនអីដែរ ក្រុមបារាំងនៅសល់កីឡាករនៅតំបន់ប្រយុទ្ធជាច្រើនទៀតដូចជា Karim Benzema, Kylian Mbappe, Olivier Giroud, Kingsley Coman, Antoine Griezmann និង Wissam ben Yedder៕
អត្ថបទ៖នាង សុភាវុធ