អ៊ីស្រាអែលបាននិយាយថា ខ្លួនបានរំលាយចោលរបបដឹកនាំយោធារបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាភាគខាងជើង ខណៈសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានឈានចូលដល់ខែទី ៤ របស់ខ្លួននៅថ្ងៃអាទិត្យ៧មករា ដោយបារម្ភថាជម្លោះអាចរាលដាលដល់ប្រទេសជិតខាង លីបង់។
អ្នកឃើញហេតុការណ៍បាននិយាយថា អ៊ីស្រាអែលបានបើកវាយប្រហារតាមអាកាសនៅព្រឹកថ្ងៃអាទិត្យលើទីក្រុង Khan Yunis ភាគខាងត្បូង របស់តំបន់ហ្កាហ្សា ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថាមានមនុស្សស្លាប់ និងរបួសជាច្រើន។
កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ខ្លួនបានបញ្ចប់ការរំលាយចោលក្របខ័ណ្ឌយោធារបស់ក្រុមហាម៉ាស នៅភាគខាងជើងហ្កាហ្សាស្ទ្រីប ហើយឥឡូវនេះកងកម្លាំងរបស់ខ្លួននឹងផ្តោតលើតំបន់ហ្កាហ្សាភាគកណ្តាល និងភាគខាងត្បូង។
ក្តីបារម្ភថាសង្រ្គាមក្នុងតំបន់នឹងរីកកាន់តែធំ បានកើតឡើង ដោយអ្នកនាំពាក្យកងទ័ពលោក Daniel Hagari បានព្រមានថាក្រុម ហេសបូឡា (Hezbollah) របស់ប្រទេសលីបង់ គាំទ្រដោយអ៊ីរ៉ង់កំពុង ទាញប្រទេសលីបង់ចូលទៅក្នុងសង្រ្គាមដែលមិនចាំបាច់ ។
ក្រុមនេះបានបាញ់រ៉ូកែតជាង៦០គ្រាប់ទៅលើមូលដ្ឋានយោធាអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាសក្នុងសប្តាហ៍នេះ នៅទីក្រុងបេរូត ប្រទេសលីបង់៕