
លោក នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅថ្ងៃអាទិត្យ ៧ មករា បានប្តេជ្ញាថា រដ្ឋាភិបាលនឹងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ជូនការផ្គត់ផ្គង់ទៅកាន់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីនៅថ្ងៃចូលឆ្នាំសកល ខណៈព្រិលធ្លាក់រារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយបញ្ហាជួយសង្គ្រោះនៅតំបន់រងគ្រោះដោយរញ្ជួយដី លោក Kishida បាននិយាយថា រដ្ឋាភិបាលនឹងបញ្ជូនការផ្គត់ផ្គង់ដូចជាភួយ និងឥន្ធនៈ ខណៈមានការព្យាករណ៍ថា នឹងមានព្រិលធ្លាក់ ឬភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅយប់ជ្រៅសម្រាប់តំបន់នេះ។
អាកាសធាតុអាប់អួរខ្លាំងនៅលើឧបទ្វីប Noto បានបន្តធ្វើឱ្យអ្នកនៅរស់រានមានជីវិតនៅចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានធ្វើឱ្យមនុស្សជាង ៣ម៉ឺននាក់ នាក់គ្មានផ្ទះសម្បែង និងផ្តាច់ចរន្តអគ្គិសនីដល់លំនៅដ្ឋាន និងអាជីវកម្មរាប់ម៉ឺនខ្នង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រោះមហន្តរាយនៅពេលនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២៦ នាក់ និងមនុស្សយ៉ាងហោចណាស់ ២២២ នាក់នៅតែបាត់ខ្លួន៕