
ភ្នំពេញ: លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលបានសហការរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ។
កម្មវិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ហេង សុផាន់ណារិទ្ធ ឯកឧត្តម ឡាយ សុខឃៀង ឯកឧត្តម សេងថានី លោក ហ៊ូ សីលា និងសមាជិកក្រុមការងារមួយចំនួនទៀត នៅថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៤ ដែលមានទីតាំងនៅ តំបន់ស៊ូវ៉ុន (ដែលមានការចូលរួមជាមួយតំបន់ សេអ៊ូល គីមផូ អ៊ីនឆន់ អឺជុងប៊ូ ផូឆន់ ផារ៉ាន់ អានសាន) និងប៊ូសាន សាធារណរដ្ឋកូរ៉េ ។
ក្នុងកម្មវិធីនេះ លោកជំទាវឯកអគ្គរាជទូត បានចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមកម្មវិធី ពីគុណូបការៈ និងការតស៊ូរបស់វីរជន និងវីរនារីខ្មែរ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ។
លោកជំទាវ បានបន្តថា ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយថ្មីៗជាបន្តបន្ទាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់វិស័យ ការបង្កើនកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការពង្រឹងសេវាសាធារណៈ និងកិច្ចគាំពារសង្គម ។
លោកជំទាវ ក៏បានធ្វើការសង្កត់ធ្ងន់ទៅលើការពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ។
បន្ថែមពីនេះទៀត លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ជាក់ស្តែងគឺការអនុញ្ញាតរៀបចំធ្វើលិខិតឆ្លងដែនថ្មីនៅកូរ៉េនេះ ដែលនឹងចាប់ផ្តើម ដំណើរការពីថ្ងៃទី១០ ខែមករានេះតទៅ ។ នេះជាកាដូឆ្នាំថ្មីដ៏ធំមួយដែលសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមទុកសំរាប់ជូនដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស។
ជាមួយគ្នាដែរស្ថានទូតក៏បានចាត់តាំងមន្រ្តីអមស្ថានទូត ចូលរួមរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ជាមួយសមាគមខ្មែរនៅតាមតំបន់ផ្សេងៗទៀត ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែមករា រួមមាន ថេគូ ក្វាងជូ ជេជូ និងគូមី ដែលមានសមាជិកចូលរួមសរុបទាំងអស់ប្រមាណ ៤០០នាក់ ៕








