អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យ (០៧ មករា) ដោយព្រមានថាជម្លោះនៅតំបន់ហ្កាហ្សា អាចរីករាលដាលពាសពេញតំបន់បើមិនមានការខិតខំប្រឹងប្រែងសន្តិភាពរួមគ្នា ទោះបីជាមេដឹកនាំអ៊ីស្រាអែល បានប្តេជ្ញាបន្តសង្រ្គាមរហូតដល់ក្រុមហាម៉ាសត្រូវបានលុបបំបាត់ក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅពេលចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ខ្លួននៅក្នុងតំបន់ ក៏បានស្វះស្វែងរកការធានាដល់បណ្ដាមេដឹកនាំអារ៉ាប់ថាទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា ឬតំបន់ វេស បែង (West Bank) ដែលកាន់កាប់។

លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដូហា ថា «នេះគឺជាពេលវេលានៃភាពតានតឹងដ៏ជ្រាលជ្រៅសម្រាប់តំបន់។ នេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងងាយស្រួល ដែលបណ្តាលឱ្យមានភាពអសន្តិសុខ និងការឈឺចាប់កាន់តែខ្លាំង»។

ទោះបីជាមានការព្រួយបារម្ភជាសកលលើចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា និងការអំពាវនាវយ៉ាងទូលំទូលាយឱ្យមានបទឈប់បាញ់ក៏ដោយ ក៏មតិសាធារណៈរបស់អ៊ីស្រាអែល នៅតែនៅគាំទ្រប្រតិបត្តិការដែលមានបំណងកម្ចាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បើទោះបីជាការគាំទ្រសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ៕