កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតីថ្លែងថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។
សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចបានដាក់ចេញនូវផែនការជំរុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះនៅថ្ងៃ ២៥ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចបានកំណត់យកជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួនដែលជាប់គាំង។
សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅនេះនៅខេត្តព្រះសីហនុ មានសំណង់អគារប្រមាណ ១ ០០០ កន្លែងកំពុងជាប់គាំងការសាងសង់។ បញ្ហានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបាន និងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីស្វែងរកវិនិយោគមកវិនិយោគឡើងវិញ នាពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា