
នៅពេលដែលលទ្ធផលនៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសបង់ក្លាដែស បានបង្ហាញថាលោកស្រីនាយករដ្ឋមន្ត្រី សេក ហាស៊ីណា (Sheikh Hasina) បានឈ្នះអាណត្តិទីបួនជាប់គ្នានោះ ប្រជាជននៅតាមដងផ្លូវបាននិយាយថាពួកគេចង់បានការផ្លាស់ប្តូរដែលនឹងធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើង។
ក្រុមអ្នកវិភាគបាននិយាយថា លោកស្រី ហាស៊ីណា ប្រហែលជាបានឈ្នះការបោះឆ្នោតមួយយ៉ាងងាយស្រួល ដែលត្រូវបានបដិសេធដោយក្រុមប្រឆាំងដ៏ធំ ប៉ុន្តែការសាកល្បងពិតប្រាកដចំពោះការគ្រប់គ្រងរបស់លោកស្រី គឺស្ថិតនៅក្នុងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយអតិផរណាដែលកើនឡើង និងថ្លៃចំណាយនៃការរស់នៅរបស់ប្រជាជនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ក្នុងការកាន់អំណាចរយៈពេល ១៥ឆ្នាំកន្លងទៅ លោកស្រី ហាស៊ីណា ត្រូវលើកសរសើរថាបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មកាត់ដេរ ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានជំរុញឱ្យតម្លៃប្រេង និងការនាំចូលអាហារឡើងថ្លៃ ដែលបង្ខំឱ្យប្រទេសបង់ក្លាដែស កាលពីឆ្នាំមុន ងាកទៅរកមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់ថវិកាសង្គ្រោះចំនួន ៤,៧ពាន់លានដុល្លារ៕