
កម្មវិធីទូរទស្សន៍ «Succession» និង «The Bear» ទទួលបានពានរង្វាន់ដ៏ធំ កាលពីថ្ងៃអាទិត្យ (ទី៧ ខែមករា) នៅឯកម្មវិធី Golden Globes ដែលជាការចាប់ផ្ដើមរបស់តារាហូលីវូដ ក្នុងរដូវកាលប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួន។
«Succession» ត្រូវបានគេជ្រើសរើសជាសាច់រឿងមនោសញ្ចេតនាល្អបំផុត។ ចំណែកឯ «The Bear» ដែលរៀបរាប់អំពីការតស៊ូ ដើម្បីក្លាយជាម្ចាស់ភោជនីយដ្ឋាននោះ បានឈ្នះពានរឿងបែបកំប្លែងរបស់ទូរទស្សន៍ល្អបំផុត។
ពិធីដ៏ពិសេសអស្ចារ្យនេះ បានចាប់ផ្តើមរដូវកាលពានរង្វាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនហូលីវូដ ដែលបញ្ចប់ជាមួយនឹងការប្រគល់ពានរង្វាន់អូស្ការ នៅថ្ងៃទី១០ ខែមីនា ហើយបានប្រមូលផ្ដុំសុទ្ធតែតារាល្បីៗជាលើកដំបូង បន្ទាប់ពីមានការធ្វើកូដកម្មរយៈពេល ៦ខែដោយតារាសម្ដែង និងអ្នកនិពន្ធ ក្នុងឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះបានផ្តល់ឲ្យអ្នកប្រកបអាជីពសម្ដែងនូវឱកាស ដើម្បីបញ្ចូលគ្នា និងផ្សព្វផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍របស់ពួកគេជាសាធារណៈ បន្ទាប់ពីអស់រយៈពេលជាច្រើនខែ ដែលកម្រាលព្រំក្រហម និងការផ្សព្វផ្សាយផ្សេងទៀត ត្រូវបានផ្អាក។
ពិធីនេះត្រូវបានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CBS និងចាក់ផ្សាយក្នុងពេលដំណាលគ្នា សម្រាប់អ្នកជាវសេវា Paramount+ ជាមួយនឹងប្រព័ន្ធ Showtime៕