សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកភាពខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។
ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១៦៩១នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា បទពិសោធន៍នៃការប្រឡងបាក់ឌុប គឺបានបង្កើតវប្បធម៌ និងផ្នត់គំនិតឱ្យមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃ ហើយក៏ជាវប្បធម៌ដ៏មានតម្លៃ និងត្រូវធ្វើបន្តទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់នាពេលនេះ គឺមិនមែនជាការធ្វើបដិវត្តន៍នោះទេ តែជាការសម្រួចនៃ គោលនយោបាយឱ្យកាន់តែមុតស្រួចថែមទៀតឲ្យស្រប ទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្នុងរដ្ឋសភា។ មួយវិញទៀតតាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជនប្រឡងមានមោទនភាពយ៉ាងច្រើន ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងទៀតថា ការធ្វើកំណែទម្រង់ នេះមិនមែនជាការចៃដន់នោះទេ គឺវាបានធ្វើឲ្យវិស័យអប់រំកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំង ជាក់ស្តែង ដូចសិស្សានុសិស្សដែលប្រឡងនូវសញ្ញាបត្រទុតិយភូមិយ៉ាងដូច្នេះដែរ ដោយកាលពីឆ្នាំ២០១៤ កន្លងទៅមានត្រឹមតែ១១នាក់ប៉ុណ្ណោះដែលជាប់និទ្ទេសA ប៉ុន្តែ១០ឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៣នេះ បានធ្វើឲ្យក្មួយៗប្រឡងជាប់និទ្ទេសAរហូតដល់ជិត១៧០០នាក់៕អត្ថបទ៖ បាន ចក់