នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ទីក្រុង តិចសាស់(Texas) បាននិយាយថា មនុស្សយ៉ាងហោចណាស់២១ នាក់បានរងរបួសកាលពីថ្ងៃចន្ទនៅក្នុងការផ្ទុះដែលទំនងជាបណ្ដាលមកពីការលេចធ្លាយឧស្ម័ន នៅឯសណ្ឋាគារ សែនដមែន (Sandman) ក្នុងទីក្រុងហ្វតហ្វ៊ស (Fort Worth) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

គ្មាននរណាម្នាក់ស្លាប់ក្នុងការបំផ្ទុះនេះទេ ហើយក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុ។
រូបភាពវីដេអូពីកន្លែងកើតហេតុបានបង្ហាញពីកម្ទេចថ្មនៅតាមផ្លូវរវាងអគារពីរដែលមានក្រុមអ្នកឆ្លើយតបការសង្រ្គោះបឋមនៅកន្លែងកើតហេតុ។

លោក ក្រេក ត្រូចាសេក (Craig Trojacek) អ្នកនាំពាក្យនាយកដ្ឋានពន្លត់គ្គិភ័យហ្វត ហ្វ៊ស បាននិយាយថា ក្រុមអ្នកឆ្លើយតបបឋមបានជួយសង្គ្រោះមនុស្សមួយចំនួនដែលជាប់នៅក្នុងបន្ទប់ក្រោមដីនៃសណ្ឋាគារនោះ។
លោក បាននិយាយថា ក្នុងចំណោមអ្នករងរបួសទាំង ២១ នាក់ មានមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែកមនុស្ស ៤ នាក់ផ្សេងទៀតមានរបួសធ្ងន់ ប៉ុន្តែពុំបានគំរាមកំហែងដល់អាយុជីវិតនោះទេ។ ហើយអ្នកផ្សេងទៀតរងរបួសស្រាល៕