រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃចន្ទថា វាគឺរឿងមិនអាចទទួលយកបានទេ ដែលសហគមន៍អន្តរជាតិ គួរតែអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អូសទាញតំបន់មជ្ឈិមបូព៌ា ចូលទៅក្នុងសង្រ្គាមក្នុងតំបន់ កាន់តែធំឡើងនោះទេ។

នៅក្នុងការអធិប្បាយដែលបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Safadi ត្រូវបានដកស្រង់សម្តីដោយប្រាប់សមភាគីបារាំងរបស់ខ្លួន លោកស្រី Catherine Colonna ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថា គ្រោះថ្នាក់នៃការរីករាលដាលនៃសង្រ្គាម គឺ «កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ» ជាមួយអ៊ីស្រាអែលដែលបន្តធ្វើឲ្យ «មនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា»។
លោក Safadi បានបន្ថែមថា រដ្ឋាភិបាលចម្រុះជាតិនិយមស្តាំនិយម ដែលកំពុងកាន់អំណាចរបស់លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមធ្វើឲ្យលោកខាងលិចពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមក្នុងតំបន់ ដែលនឹងគ្រាន់តែ «ធ្វើឲ្យតំបន់នេះ ទៅជាជម្លោះ និងការបំផ្លិចបំផ្លាញបន្ថែមទៀត»។
លោក Safadi បាននិយាយថា៖«ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា បានលើសពីដែនកំណត់របស់មនុស្ស ផ្លូវច្បាប់ និងសីលធម៌ទាំងអស់» ដោយបន្ថែមថា វាលែងមានលេសណាមួយដែលរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីការអនុម័តដំណោះស្រាយជាកាតព្វកិច្ច ដើម្បីបញ្ចប់សង្រ្គាមនេះ។