រតនគិរី ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តរតនគិរី ចាប់ផ្តើមយកសំណាកអ្នកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទ្រង់ទ្រាយធំ ខណៈការឆ្លងរាលដាលជំងឺនេះ កំពុងហក់ឡើង ក្នុងខេត្តភូមិភាគឦសានមួយនេះ។
លោក ញ៉ែម សំអឿន អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែមិថុនានេះ មន្ត្រីសុខាភិបាល ក៏ដូចជាមន្ត្រីជំនាញ ចាប់ផ្តើមធ្វើតេស្តយកសំណាកអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័សទ្រង់ទ្រាយធំ តាមបណ្តា ក្រុង-ស្រុក ដែលប្រឈមហានិភ័យឆ្លងខ្ពស់។
អ្នកនាំពាក្យសាលាខេត្តរតនគិរីរូបនេះ បានឱ្យដឹងទៀតទៀត រដ្ឋបាលខេត្ត បានពង្រីកបន្ថែមនូវ មណ្ឌលសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ព្រោះថាតាមរយៈការយកសំណាកទ្រង់ទ្រាយធំនាថ្ងៃនេះ ដោយឧបករណ៍តេស្តរហ័ស អាចនឹងមានហានិភ័យខ្ពស់ចំពោះលទ្ធផល ព្រោះថា ប្រជាពលរដ្ឋដែលវិជ្ជមានកូវីដ-១៩កន្លងមក មានភាពប្រទាក់ក្រឡាគ្នាច្រើន។
ត្រឹមរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៨ ខែមិថុនានេះ ដែលជាថ្ងៃដំបូងនៃការផ្ទុះរាលដាល ជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងខេត្តរតនគិរី រហូតមកដល់ថ្ងៃទី២៣ ខែមិថុនានេះ រដ្ឋបាលខេត្ត បានរក ឃើញករណីអ្នកវិជ្ជមាន ប្រមាណជាជិត២០០នាក់៕
អត្ថបទ ៖ ជៀប សម្បត្តិ