ទោះបីអាជ្ញាធរខណ្ឌទួលគោកបានចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់ដូរ តាមបណ្ដោយផ្លូវលេខ២៣០ ជាញឹកញាប់ហើយក៏ដោយ អាជីវករលក់ដូរបន្លែផ្លែឈើ ហាក់មិនចូលរួមជាមួយអាជ្ញាធរ នៅបន្តតាំងលក់លើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងទុកដាក់សំរាមមិនបានត្រឹមត្រូវ ធ្វើឲ្យមហាជនមានការរិះគន់។
កន្លងមកអាជ្ញាធរខណ្ឌទួលគោកបានចុះរៀបចំសណ្ដាប់ធ្នាប់បាញ់ទឹកលាងសម្អាតតាមបណ្ដោយផ្លូវលេខ ២៣០ ជាប់របស់ម៉ុងឌីយ៉ាល់នេះជាញឹកញាប់ផងដែរ ដើម្បីរក្សាបរិស្ថានអនាម័យឲ្យស្អាតល្អប្រសើរ និងមិនអនុញ្ញាតឲ្យអាជីវករទាំងអស់លក់ដូរនៅពេលថ្ងៃនោះទេ គឺអនុញ្ញាតឱ្យលក់ដូរនៅពេលយប់ប៉ុន្តែសុំធ្វើយ៉ាងណាពេលព្រឹកព្រលឹមត្រូវតែសំអាតបរិស្ថានអនាម័យឲ្យបានស្អាតប្រសើរឡើងវិញ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះអាជីវករមួយចំនួនធំហាក់មិនចូលរួមជាមួយអាជ្ញាធរ ដោយបន្តលក់រហូតដល់ពេលថ្ងៃ បន្ថែមទៀតនោះ បង្កការកកស្ទះដល់ពលរដ្ឋអ្នកធ្វើដំណើរ។
គួររំលឹកផងដែរ កន្លងមកលោកអភិបាល បានបញ្ជាក់ថាការលក់ដូរតាមបណ្ដោយផ្លូវលេខ ២៣០ នេះពេលថ្ងៃគឺដាច់ខាតមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតឡើយ។ ដោយឡែកពេលយប់គឺអនុញ្ញាតឲ្យលក់ជាបណ្ដោះអាសន្នក៏ប៉ុន្តែមិនឲ្យតាំងលក់លើទ្រង់ផ្លូវនោះទេដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ៦កន្លះទៅម៉ោង៧ ព្រឹក បរិស្ថានអនាម័យត្រូវតែស្អាត៕ អត្ថបទ៖ កុម្ភៈ

