កែប៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប សហការជាមួយរដ្ឋបាលស្រុកដំណាក់ចង្អើរ ស្ថានីយជញ្ជីងអចល័ត ដំណាក់ចង្អើរ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីតំណាងកងរាជអាវុធហត្ថ អធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៤នេះ បានចុះណែនាំ តម្រង់ទិសដល់អ្នកបើកបររថយន្តបែនដឹកថ្ម ដឹកដី ធុនធ្ងន់ តាមដងផ្លូវ ដែលការប្រើប្រាស់ល្បឿន ការផ្ទុកដឹកលើសទម្ងន់ ការតទ្រុងខុសលក្ខណៈបច្ចេកទេស ការគ្របសំណាញ់ និងឯកសារដែលត្រូវភ្ជាប់ពេលបើកបរជាដើម។

ទីតាំងដែលក្រុមការងារចុះចម្រុះចុះអនុវត្តនេះ ស្ថិតក្នុងភូមិចំការបី(តំបន់ភ្នំវល្លិ) ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ក្រុមការងារ បានរួមគ្នាបន្តចុះណែនាំតម្រង់ទិសដល់អ្នកបើកបរ តាមដងផ្លូវការប្រើប្រាស់ល្បឿន ការផ្ទុកដឹកលើសទម្ងន់ការតទ្រុងខុសលក្ខណៈបច្ចេកទេស ការគ្របសំណាញ់ និងឯកសារដែលត្រូវភ្ជាប់ពេលបើកបរ (បណ្ណបើកបរ និងឈៀកជាដើម) ដល់រថយន្តបែនដឹកថ្ម ដឹកដីធុនធ្ងន់ ចំនួន ១៩ គ្រឿង និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្តទាំងនោះឱ្យគោរពតាមច្បាប់កំណត់ និងមានសំណូមពរ ពីប្រជាពលរដ្ឋឱ្យអ្នកដឹកទំនិញទាំងអស់ដឹកកុំឱ្យដឹកច្រើនលើសកំណត់ និងបើកបរ កុំលើសល្បឿនកំណត់។
ក្នុងនោះក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ ដោយស្រង់យកមាត្រា ៦០ និងមាត្រា ៧៥ ជំពូកទី១១ ត្រង់ ទោសប្បញ្ញត្តិ ណែនាំដល់អ្នកបើកបរផងដែរ៕






