
ក្រុមអាជ្ញាធរក្នុងតំបន់បានប្រកាសនៅថ្ងៃអង្គារ (០៩ មករា) នេះថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០២នាក់ នៅកណ្តាលខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa) របស់ប្រទេសជប៉ុន ប្រហែលមួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័របានវាយប្រហារខេត្តនេះ និងតំបន់ជុំវិញនោះ។
យោងតាមទិន្នន័យពីខេត្តបានឲ្យដឹងថា បច្ចុប្បន្នអ្នកស្រុកសរុបចំនួន ១០២នាក់ បន្តបាត់ខ្លួន និងមិនត្រូវគេជួយសង្រ្គោះបាននៅឡើយទេ។ រលកខ្យល់ត្រជាក់បាននឹងកំពុងនាំព្រិលទៅកាន់ខេត្ត អ៊ីស៊ីកាវ៉ា និងផ្នែកផ្សេងទៀតនៃតំបន់ ហូគុរីគុ (Hokuriku) ដែលបង្កការលំបាកដល់ការងារស្វែងរក និងជួយសង្គ្រោះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានកាលពីថ្ងៃចន្ទថា តំបន់ដែលទទួលរងការរញ្ជួយដីទំនងជានឹងជួបប្រទះនឹងការរញ្ជួយដ៏ខ្លាំងជាមួយនឹងកម្រិតខ្លាំងជាង ៥ដង ឬច្រើនជាងនេះនៅលើមាត្រដ្ឋានប្រទេសជប៉ុននៅក្នុងខែខាងមុខនេះ៕