
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង) បានប្តេជ្ញាថា នឹងបង្រ្កាបអំពើពុករលួយឲ្យកាន់តែខ្លាំងឡើង នៅក្នុងវិស័យសំខាន់ៗ ក្នុងនោះរួមមានហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
លោក ស៊ី ដែលបានចាប់ផ្តើមទសវត្សរ៍ទី២ របស់លោក ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ ដោយមានគោលបំណងមិនធ្វើតាមបទដ្ឋាននយោបាយធម្មតាៗដ៏យូរអង្វែងមកហើយនោះ បានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាប្រឆាំងនឹងអំពើពុករលួយ ចាប់តាំងពីលោកឡើងកាច់ចង្កូតនាវារបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនេះ។
អ្នកគាំទ្រនិយាយថា យុទ្ធនាការលើកកម្ពស់អភិបាលកិច្ចស្អាតស្អំ បើទោះបីជាអ្នករិះគន់ ជំទាស់ថា វាត្រូវបានប្រើជាមធ្យាបាយ ដើម្បីឲ្យលោក ស៊ី កម្ចាត់គូប្រឆាំងនយោបាយក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅល្ងាចថ្ងៃចន្ទ (ទី៨ ខែមករា) បានរាយការណ៍ថា នៅក្នុងសុន្ទរកថាទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច លោក ស៊ី បានបញ្ជាឲ្យមាន «កិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើង» ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុង «វិស័យហិរញ្ញវត្ថុ សហគ្រាសរដ្ឋ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ"» .
បើយោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា លោក ស៊ី បានថ្លែងថា៖ «ជ័យជម្នះដ៏លើសលប់មួយត្រូវសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាមួយនឹងការទទួលបានថាមពលយ៉ាងពេញលេញ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ»។ ប៉ុន្តែលោកបានព្រមានថា៖ «ស្ថានភាពនៅតែធ្ងន់ធ្ងរ និងស្មុគស្មាញ។ ហើយយើងគួរតែយល់ដឹងឲ្យបានច្បាស់លាស់អំពីការអភិវឌ្ឍថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយនិងជម្រៅសាវតារ និងលក្ខខណ្ឌនៃអំពើពុករលួយ»។
យោងតាមតួលេខផ្លូវការចុងក្រោយបង្អស់ពីខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីគណបក្សប្រហែល 4៤,៨លាននាក់ នៅប្រទេសចិន ត្រូវបានស៊ើបអង្កេត ចាប់តាំងពីឆ្នាំ២០១២។ ក្នុងចំណោមនោះ មានជាង ១,៥លាននាក់ ត្រូវបានកាត់ទោស រាប់ចាប់ពីការកាត់ទោសដាក់ពន្ធនាគាររយៈពេលយូរ រហូតដល់ការដកចេញពីមុខតំណែងជាផ្លូវការ ការកាត់ឈ្មោះចេញ និងការបណ្ដេញចេញពីគណបក្ស។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យុទ្ធនាការនេះបានរីករាលដាលពាសពេញវិស័យជាច្រើន រួមមានធនាគារ ធានារ៉ាប់រង អាជីវកម្ម ដែលគាំទ្រដោយរដ្ឋ និងកីឡា៕