
អភិបាលតំបន់ Novgorod លោក Andrey Nikitin និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់ផងដែរ បានស្លាប់ក្នុងហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នានៅលើផ្លូវហាយវ៉េសំខាន់របស់រុស្ស៊ីកាលពីថ្ងៃចន្ទ ។
លោក Andrey និយាយថា រថយន្តជាង ៥០គ្រឿង បានរងការខូចខាតនៅក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ស្ថិតនៅលើផ្លូវហាយវ៉េសហព័ន្ធ M-11 Neva ដែលតភ្ជាប់ទីក្រុង Veliky Novgorod និងទីក្រុងម៉ូស្គូ ។
ដោយឡែក ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយថា មនុស្សជាង ២០នាក់ផ្សេងទៀត បានរងរបួស ដែលរួមទាំងកុមារ ៥នាក់ផងដែរ ។
បច្ចុប្បន្នក្រុមការងារមកពីក្រសួងសង្រ្គោះបន្ទាន់ អធិការកិច្ចសុវត្ថិភាពចរាចរណ៍រដ្ឋ និងគណៈកម្មាធិការស៊ើបអង្កេត កំពុងធ្វើការនៅកន្លែងកើតមានឧបទ្ទេវហេតុ ខណៈដែលការិយាល័យក្រុមរដ្ឋអាជ្ញាតំបន់ Novgorod បានបើកការស៊ើបអង្កេតលើគ្រោះថ្នាក់ទ្រង់ទ្រាយធំមួយនេះ ៕