ការិយាល័យមេដឹកនាំកោះតៃវ៉ាន់បាននិយាយថា ខ្លួនមិនបានចាត់ទុកការបាញ់បង្ហោះផ្កាយរណបរបស់ចិន ដែលគ្រាប់រ៉ូកែតបានហោះពីលើកោះតៃវ៉ាន់ភាគខាងត្បូង ជាការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅមុនការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះនោះទេ។

កាលពីថ្ងៃអង្គារ (០៩ មករា) រដ្ឋាភិបាលកោះតៃវ៉ាន់បានចេញការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសដោយច្រឡំ បន្ទាប់ពីគ្រាប់រ៉ូកែតរបស់ចិន ដែលផ្ទុកផ្កាយរណបវិទ្យាសាស្ត្រ បានហោះពីលើភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងរយៈកម្ពស់ជាង ៥០០គីឡូម៉ែត្រ។ ក្រោយមកអាជ្ញាធរការពារជាតិបានសូមអភ័យទោសចំពោះកំហុសឆ្គងពាក្យខុសជាភាសាអង់គ្លេស ដែលខ្លួនបានប្រើពាក្យថា «មីស៊ីល»។

ការិយាល័យមេដឹកនាំរបស់កោះតៃវ៉ាន់ ឆ្លើយតបនឹងសំណួរដែលថាតើខ្លួនបានចាត់ទុកការបាញ់បង្ហោះផ្កាយរណបនេះជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែរឬទេ ដោយនិយាយថា ខ្លួនមិនគិតថាមានហេតុផលនយោបាយនៅពីក្រោយការបាញ់បង្ហោះនោះទេ។

ខណៈការបាញ់គ្រាប់រ៉ូកែតនោះបានបង្កឱ្យមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសដោយច្រឡំ កោះតៃវ៉ាន់ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួនជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលនៅទីក្រុងតៃប៉ិ បានចោទប្រកាន់ក្រុងប៉េកាំង ម្តងហើយម្តងទៀតថាព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតមិនថាតាមរយៈយោធា នយោបាយ សេដ្ឋកិច្ច ឬមធ្យោបាយអ្វីផ្សេងទៀតទេ។ ប្រទេសចិនបានឲ្យឈ្មោះការចោទប្រកាន់របស់តៃវ៉ាន់ទាំងនោះថាជា «ល្បិចដ៏កខ្វក់»៕