ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ីដែលដឹកនាំដោយព្រះមហាក្សត្រ គ្រោងនឹងកំណត់ក្នុងពេលឆាប់ៗនេះថា តើត្រូវផ្តល់ព្រះរាជលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ សម្រាប់ការកាត់ទោសពាក់ព័ន្ធនឹងបញ្ហា 1Malaysia Development Bhd (1MDB) ជាការសម្រេច ដែលអាចមានផលប៉ះពាល់ផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim និងរបបរាជានិយមរបស់ប្រទេស។

ការស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រជាលើកដំបូងរបស់លោក Najib បានកើតឡើងនៅចំពោះមុខក្រុមប្រឹក្សាលើកលែងទោស ក្នុងកិច្ចប្រជុំមួយក្នុងខែធ្នូ ប៉ុន្តែបញ្ហានេះត្រូវបានពន្យារពេលទៅសម័យប្រជុំក្នុងខែនេះ ដែលឥឡូវនេះត្រូវបានកំណត់នៅសប្តាហ៍ទី៣ នៃខែមករា និងដែលទំនងជានឹងឃើញការសម្រេច ត្រូវបានធ្វើឡើង។
នៅក្នុងកិច្ចប្រជុំ ដែលមានការយាងចូលរួមពីព្រះមហាក្សត្រ Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah និងពីលោក Anwar ផងដែរនោះ ស្ថាប័នដែលមានសមាជិក ៦រូប បានសម្រេចថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិភាក្សាលើបញ្ហានេះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលបាននិយាយទៅកាន់សារព័ត៌មាន CNA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
កិច្ចប្រជុំដ៏សំខាន់ ក្នុងខែនេះ នឹងក្លាយជាកិច្ចការផ្លូវការចុងក្រោយរបស់ព្រះមហាក្សត្រ Sultan Abdullah Ri’ayatuddin មុនពេលទ្រង់ចុះពីរាជបល្ល័ង្ក នៅថ្ងៃទី៣១ ខែមករា ហើយប្រគល់រាជ្យសម្បត្តិដល់ព្រះមហាក្សត្រ Sultan Ibrahim Sultan Iskandar ក្រោមប្រព័ន្ធបង្វិលគ្រងរាជ្យប្ដូរវេនរបស់ប្រទេស។
នៅពេលទាក់ទងដោយសារព័ត៌មាន CNA មេធាវីលោក Shafee Abdullah ដែលដឹកនាំក្រុមមេធាវីការពារក្តីឲ្យលោក Najib បានបដិសេធការអត្ថាធិប្បាយដោយហេតុផលថា លោកមិនចង់ធ្វើឲ្យស្មុគស្មាញដល់ដំណើរការលើកលែងទោស៕