
ការិយាល័យឃ្លាំមើលសិទ្ធិមនុស្សកូឡុំប៊ី និយាយកាលពីថ្ងៃអង្គារថា ក្រុមសកម្មជនសហគមន៍ប្រហែល ១៨១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសមួយនេះ ហើយពួកគេបានចាត់ទុកស្ថានភាពមួយនេះថាជាសោកនាដកម្ម ។
ពួកគេបន្តថា ចំនួនសកម្មជនដែលត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០២៣ ដែលគេស្គាល់ថាជាមេដឹកនាំសង្គម និងក្រុមការពារសិទ្ធិមនុស្ស គឺទាបជាងកាលរយៈពេល ១ឆ្នាំមុន ហើយការស្លាប់នៅក្នុងឆ្នាំ ២០២២ មានចំនួនច្រើនបំផុត ២១៥នាក់ ។
ការសម្លាប់នេះដែរនៅតែកើតឡើង បើទោះបីជាមានគោលនយោបាយសន្តិភាពទាំងស្រុងរបស់លោកប្រធានាធិបតី Gustavo Petro ដែលរដ្ឋាភិបាលកូឡុំប៊ី សង្ឃឹមថានឹងបញ្ចប់ជម្លោះប្រដាប់អាវុធផ្ទៃក្នុងអស់រយៈពេល ៦ទសវត្សរ៍ដែលបណ្តាលឲ្យមនុស្សយ៉ាងហោច ៤៥ម៉ឺននាក់ បាត់បង់ជីវិត ។
ការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ខេត្តដែលកើតមានអំពើហិង្សាខ្លាំងបំផុតនៅកូឡុំប៊ីកាលពីឆ្នាំមុន រួមមានខេត្ត Cauca, Antioquia និងខេត្ត Narino ហើយខេត្តទាំង ៣នេះ រងផលប៉ះពាល់ដោយសារតែវត្តមានរបស់ក្រុមប្រដាប់អាវុធខុសច្បាប់ ក្រុមជីករ៉ែមាសខុសច្បាប់ និងការដាំដំណាំកូកា ដែលជាធាតុផ្សំសំខាន់នៅក្នុងសារធាតុកូកាអ៊ីន ៕