អាមេរិក៖ មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ពុំមានកិច្ចប្រជុំណាមួយត្រូវបានគ្រោងទុករវាងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅជំនួបកំពូល G20 ក្នុងប្រទេសអ៊ីតាលីនៅសប្ដាហ៍ក្រោយទេ បន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាគ្នាពីជំនួបនោះ។
កាសែតនេះបានដកស្រង់សំដីរបស់បុគ្គល ដែលបានបង្ហើបអំពីកិច្ចពិភាក្សានេះដោយនិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានជូនដំណឹងដល់សមភាគីនៅក្នុងទីក្រុងប៉េកាំងថា ខ្លួនចង់ឲ្យលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ចក្នុងប្រទេសចិននៅរដូវក្តៅនេះ។ សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា សេតវិមានក៏បានរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងបឋមអំពីការបញ្ជូន លោក Blinken ឬលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិទៅកាន់ប្រទេសចិននៅចុងឆ្នាំនេះ ដែលអាចជាការបើកឆាកសម្រាប់ លោក Biden និងមេដឹកនាំចិន លោក Xi Jinping ក្នុងការរៀបចំកិច្ចប្រជុំកំពូលទ្វេភាគី នៅជំនួបកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ ឬ G20 នៅទីក្រុងរ៉ូមក្នុងខែតុលា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ត្រូវបានគេសួរនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ អំពីរបាយការណ៍របស់កាសែត Financial Times ទាក់ទងនឹងការជួបគ្នារវាងលោក Blinken និងមន្ត្រីចិននៅឯរដ្ឋមន្ត្រីនៅជំនួប G20 ហើយបានឆ្លើយតបថា ខ្ញុំគ្មានព័ត៌មានផ្តល់ជូនអ្នកទេនៅពេលនេះ៕
អត្ថបទ៖ សុខមាន