រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានរិះគន់សកម្មភាពឆ្មាំល្បាតសមុទ្រចិននៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងការប្រើប្រាស់ឡាស៊ែរ និងកាណុងបាញ់ទឹក ក្នុងអំឡុងទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) ទៅកាន់ប្រទេសហ្វីលីពីន ដោយនិយាយថា សកម្មភាពនេះកំពុងបង្កការព្រួយបារម្ភនៅអឺរ៉ុបផងដែរ។
ភាពតានតឹងបានផ្ទុះឡើងក្នុងប៉ុន្មានខែថ្មីៗនេះ រវាងចិន និងហ្វីលីពីន ខណៈដែលពួកគេបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញជម្លោះជាច្រើនដង ណោក្នុងផ្លូវទឹក ដោយក្នុងនោះរួមទាំងការចោទប្រកាន់ កាលពីខែមុនដែលថា ចិនបានបើកបុកនាវា ដែលដឹកនាយអគ្គសេនាធិការកងទ័ពហ្វីលីពីន។
សូមបបញ្ជាក់ថា ប្រទេសចិនអះអាងអធិបតេយ្យស្ទើរតែទាំងមូលនៃតំបន់នៅសមុទ្រចិនខាងត្បូង ដោយលើកឡើងពីបន្ទាត់នៅលើផែនទីរបស់ខ្លួនដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ ក្នុងឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយថា ការទាមទាររបស់ចិនមិនមានមូលដ្ឋានច្បាប់នោះទេ។ តែប្រទេសចិនបានច្រានចោលសេចក្តីសម្រេចនោះ។
លោកស្រី Baerbock ស្ថិតនៅទីក្រុងម៉ានីល សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ដែលជាការធ្វើទស្សនកិច្ចលើកដំបូងដោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេលជាងមួយទសវត្សរ៍ ខណៈដែលប្រទេសទាំង២ ប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕