រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បានថ្លែងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៊ីចំនួនបី និងបុគ្គលម្នាក់ ដែលពាក់ព័ន្ធនឹងការបញ្ជូននិងការសាកល្បងមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើងសម្រាប់ការប្រើប្រាស់របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។

ចំណាត់ការនេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីសេចក្តីថ្លែងការណ៍រួមមួយរបស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន បានថ្កោលទោសការផ្ទេរអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី រួមទាំងអ្វីដែលខ្លួនហៅថា ជាការទិញមីស៊ីលបាលិស្ទិករបស់រុស្ស៊ី និងការប្រើប្រាស់របស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី៣០ ខែធ្នូ និងថ្ងែទី២ ខែមករា។
ទាំងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានធ្វើការទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន ទោះបីជាពួកគេ បានបដិសេធមិនធ្វើកិច្ចព្រមព្រៀងសព្វាវុធណាមួយក៏ដោយ។
លោកប៊្លីនខិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការបន្ថែមទៀតទេ»។
លោកបន្ថែមថា៖«ការបញ្ជូនមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើងទៅប្រទេសរុស្ស៊ី គាំទ្រដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី បង្កើនការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន និងធ្វើឲ្យអន្តរាយដល់របបមិនរីកសាយភាយអាវុធជាសកល»។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ចុង បូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ហើយមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់ទីក្រុងព្យុងយ៉ាង។