កំពង់ឆ្នាំង៖ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យទេសចរវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានចុះសិក្សា និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្នជាក់ស្តែង របស់ប្រាសាទមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ហើយបានសង្កេតឃើញថា ប្រាសាទថ្មមប្តីក្នុងស្រុកកំពង់លែង មានហានិភ័យខ្ពស់ដែលត្រូវមានវិធានការអភិរក្សអោយទាន់ពេលវេលា។ បច្ចុប្បន្ន ក្រុមការងារនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ កំពុងជួសជុលកែលម្អប្រាសាទថ្នមប្តីនោះហើយ ។
លោក លន់ សៅសុវណ្ណ មន្ត្រិនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ បានអោយដឹងថា៖ ក្រុមការងាររបស់លោក កំពុងជួសជុលកែលម្អប្រាសាទថ្នមប្តី ក្នុងស្រុកកំពង់លែង ព្រោះប្រាសាទថ្នមប្តីនៅបន្សល់ទុកប្រាង្គចំនួន២ធ្វើពីឥដ្ឋ ដែលប្រាង្គខាងត្បូងមានរូបរាងច្រើនជាងតែស្ថិតនៅក្នុងហានិភ័យនៃការលុះឥដ្ឋដូចគ្នា។ ការងារអភិរក្សនិងជួសជុលប្រាង្គប្រាសាទនេះ ក្នុងគោលបំណងលើកតម្លៃប្រវត្តិសាស្រ្ត សាសនា ស្ថាបត្យកម្មរបស់ប្រាសាទទុកឲ្យអ្នកជំនាន់ក្រោយបានសិក្សានិងស្រាវជ្រាវបន្តទៀត ហើយប្រាសាទនេះក៏ជាផ្នែកមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនានៅខេត្តកំពង់ឆ្នាំងផងដែរ។ ក្រៅពីនេះមន្ត្រីនាយកដ្ឋានបានបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ដែលមកធ្វើការងារជាមួយ ឲ្យបានចេះដឹងពីវិធីសាស្ត្រអភិរក្ស និងជួសជុលប្រាសាទដូចជា សម្រង់ប្លង់ ជួសជុលឥដ្ឋបុរាណ និងបច្ចេកទេសរៀបឥដ្ឋតាមបែបបុរាណ។
ដោយឡែកលោក ពុំ សុផល អភិបាលរងស្រុកកំពង់លែងបានបញ្ជាក់ថា៖ ដោយសារប្រាសាទថ្នមប្តីជាសំណង់បុរាណ ហើយកន្លងមកក៏មានរថយន្តដឹកដីបានបើកកាត់ដីទួលបុរាណនេះ លោក និងក្រុមការងារបានហាមឃាត់មិនអោយចរាចរណ៍តាមនោះទៀតឡើយ ព្រោះការដឹកធ្ងន់អាចនាំអោយប្រាសាទរងការខូចខាតបន្ថែម។ លើសពីនេះ អាជ្ញាធរស្រុកកំពង់លែង នឹងជួសជុលផ្លូវចូលប្រាសាទអោយបានល្អ និងរៀបចំបរិវេណជុះវិញប្រាសាទអោយស្អាត ដើម្បីទាក់ទាំញភ្ញៀវទេសចរមកទស្សនា។
ប្រាសាទថ្នមប្តី ជាប្រាសាទដែលមានតួប៉មពីរ ដែលសង់រត់ជួរពីជើងទៅត្បូង បែរមុខទៅរកទិសខាងកើត។ ប្រាសាទនេះកសាងពីឥដ្ឋ មានរាងបួនជ្រុងស្មើរ និងមានទំហំប្រវែង៤ម៉ែត្រក្នុងមួយជ្រុងៗ។ តួរប៉មប្រាង្គទាំងពីរនេះមានទំហំប្រហាក់ប្រហែលគ្នា ។ តួរប៉មប្រាសាទថ្នមប្តីខាងត្បូង នៅមានរូបរាងល្អច្រើនជាងតួរប៉មប្រាសាទខាងជើង ដោយតួរប៉មប្រាសាទថ្នមប្តីផ្នែកខាងជើងជញ្ជាំងផ្នែកខាងក្រោយបានបាក់រលំផ្នែកខាងក្រោយ។ ប្រាសាទថ្នមប្តី នៅសេសសល់មានវត្ថុសិល្បៈមួយចំនួនដូចជា ស៊ុមទ្វារ ជើងទម្របដិមា និងសរសរពេជ្រមួយកំណាត់។ ប្រាសាទនេះមានផ្តែរទ្វារចំនួនពីរដែលកន្លងមកបានយកចេញពីទីតាំងប្រាសាទផ្ទាល់តែម្តង។ ផ្តែរទ្វារមួយសង់ពីថ្មភក់ដែលឆ្លាក់ជារឿងទេវកថា ដែលមានរូបព្រះវិស្ណុផ្ទុំ ដែលផ្តែរនេះសព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ ភ្នំពេញ៕ ឯផ្តែរមួយទៀតក៏បានយកចេញពីប្រាសាទថ្នមប្តីដូចគ្នា ដែលមានឆ្លាក់ជារូបព្រះឥន្ទ្រជិះលើដំរីក្បាលបី ហើយផ្តែរនេះសព្វថ្ងៃស្ថិតនៅសារមន្ទីរខេត្តកំពង់ឆ្នាំងតែម្តង ៕ ដោយ ៖ កាំង ហុងវាស្នា









