
អ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី១២ ខែមករា) នេះ បាននិយាយថា ខ្លួនថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើក្រុមហួទី ក្នុងប្រទេសយេម៉ែន ដោយព្រមានថា វានឹងបង្កើន «អសន្តិសុខ និងអស្ថិរភាព» នៅក្នុងតំបន់។
លោក Nasser Kannani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារយោធាដែលបានធ្វើឡើងនៅព្រឹកនេះដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលើទីក្រុងមួយចំនួន ក្នុងប្រទេសយេម៉ែន»។ លោកបានបន្ថែមថា៖ «ការវាយប្រហារទាំងនេះគឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយេម៉ែន ហើយនិងជាការបំពានច្បាប់អន្តរជាតិ»។
សូមបញ្ជាក់ថា បើយោងតាមអ្នកនាំពាក្យយោធាក្រុមហួទី បានឲ្យដឹងថា ការវាយប្រហារចំនួន ៧៣លើកបានសម្លាប់យុទ្ធជនរបស់ក្រុមចំនួន ៥នាក់ ខណៈ ៦នាក់ផ្សេងទៀត រងរបួស។ បន្ថែមពីលើនេះ អ្នកនាំពាក្យរូបនោះបានប្រាប់ថា ការវាយប្រហារនេះ នឹងមិនត្រូវបានធ្វើឡើងដោយមិនមាន «ការដាក់ទណ្ឌកម្ម ឬការសងសឹក» នោះឡើយ។
ក្រុមហួទីដែលជាចលនាប្រដាប់អាវុធកាន់កាប់ភាគច្រើននៃដែនដីរបស់យេម៉ែន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បាននិងកំពុងវាយប្រហារការដឹកជញ្ជូនទំនិញនៅច្រកផ្លូវចេញចូល ក្នុងសមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ចាប់តាំងពីខែតុលាមក។ ពួកគេនិយាយថា ការកំណត់គោលដៅលើនាវាដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនេះ គឺជាសកម្មភាពគាំទ្រដល់ក្រុមហាម៉ាស៕