
ទាហានរាប់សិបនាក់ បានល្បាតតាមសង្កាត់នៅទីក្រុងធំបំផុត Guayaquil របស់ប្រទេសអេក្វាឌ័រ នាថ្ងៃសុក្រនេះ ស្របពេលដែលពួកគេឆ្លើយតបនឹងការហក់ឡើងខ្ពស់អំពើហិង្សាក្នុងសប្តាហ៍នេះ ។
ការវាយប្រហារពេលកំពុងផ្សាយផ្ទាល់ក្នុងស្ថានីយ៍ទូរទស្សន៍ ការបំផ្ទុះគ្រាប់នៅតាមទីក្រុងជាច្រើន និងការចាប់ជម្រិតក្រុមមន្រ្តីនគរបាល ទំនងជាការឆ្លើយតបរបស់ក្រុមឧក្រិដ្ឋជនចំពោះផែនការរបស់លោកប្រធានាធិបតី Daniel Noboa ដើម្បីដោះស្រាយស្ថានភាពសន្តិសុខដ៏អាក្រក់នៅក្នុងប្រេសមួយនេះ ដែលរួមទាំងការកសាងពន្ធនាគាថ្មីផងដែរ ។
លោកអនុសេនីយ៍ទោ Alexander Sansi និយាយថា ការល្បាតរបស់យោធា ត្រូវបានធ្វើឡើងដើម្បីស្វែងរកមនុស្សប្រកបដោយគ្រោះថ្នាក់ និងទប់ស្កាត់បទឧក្រិដ្ឋនៅតាមតំបន់ក្នុងទីក្រុង Guayaquil ដែលជាទីក្រុងកំពង់ផែដ៏សំខាន់របស់អេក្វាឌ័រ ។
គួរឲ្យដឹងថា លោកប្រធានាធិបតី Noboa បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃ បញ្ជូនយោធាទៅតាមផ្លូវ និងកំណត់ក្រុមអន្ធពាល ២២ក្រុមថាជាក្រុមភេរវកម្ម ។
រដ្ឋាភិបាលរបស់លោក Noboa បានដាក់ការស្តីបន្ទោសការធ្វើឲ្យស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅ លើការកើនឡើងការជួញដូរគ្រឿងញៀនខុសច្បាប់ កាត់តាមប្រទេសអេក្វាឌ័រ ដែលជាប់ព្រំដែនជាមួយកូឡុំប៊ី និងប៉េរូ ៕