
អ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី១២ ខែមករា) បានច្រានចោលថា ជារឿងមិនពិត និងជា «ការបំភ្លៃដ៏ឥតសីលធម៌ខ្លាំងណាស់» ពាក់ព័ន្ធនឹងការចោទប្រកាន់បង្កើតឡើងដោយអាហ្វ្រិកខាងត្បូង នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) ដែលថាប្រតិបត្តិការយោធារបស់ខ្លួននៅតបន់ហ្កាហ្សា គឺជាយុទ្ធនាការប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
អ៊ីស្រាអែលបានអំពាវនាវឲ្យចៅក្រមច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូង ដែលឲ្យបញ្ឈប់ការវាយលុករបស់ខ្លួន ដោយនិយាយថា ការធ្វើបែបនោះនឹងធ្វើឲ្យខ្លួនមិនមានការការពារ។
សូមបញ្ជាក់ថា អាហ្រ្វិកខាងត្បូងដែលបានដាក់ពាក្យបណ្តឹង នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែធ្នូ បានស្នើចៅក្រម កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) ឲ្យចាត់វិធានការបន្ទាន់ ដោយបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកភ្លាមៗ។ ប្រទេសនេះបានលើកឡើងថា ការវាយលុកតាមផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែល ដែលបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដោយភាគច្រើនដល់តំបន់ឆ្នេរដ៏តូចចង្អៀតនេះ និងបានសម្លាប់មនុស្សជាង ២៣.០០០នាក់ ដែលយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានោះ មានគោលបំណង «ផ្ដាច់ផ្ដិលប្រជាជន» នៃតំបន់ហ្កាហ្សា។
ទីប្រឹក្សាច្បាប់របស់ក្រសួងការបរទេសអ៊ីស្រាអែល លោក Tal Becker បានប្រាប់តុលាការថា ការបកស្រាយរបស់អាហ្វ្រិកខាងត្បូងអំពីព្រឹត្តិការណ៍នេះ គឺជា «ការបំភ្លៃដ៏ឥតសីលធម៌ខ្លាំងណាស់»៕