
អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ (១៣ មករា) នេះ ខណៈដែលដែនដីប៉ាឡេស្ទីនមួយនេះបានទទួលរងនូវស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ហើយបានជួបនឹងការលំបាកដោយសារការដាច់ទូរគមនាគមន៍ នៅថ្ងៃទី៩៩ នៃសង្រ្គាមនេះ។
ការភ័យខ្លាចពីការរាលដាលនៃជម្លោះ មានកាន់តែខ្លាំងឡើងៗ បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើក្រុមឧទ្ទាមដែលគាំទ្រក្រុមហាម៉ាស គឺក្រុមហួទី នៅក្នុងប្រទេសយេម៉ែន ក្រោយពីក្រុមនេះបានវាយប្រហារការដឹកជញ្ជូនតាមសមុទ្រក្រហម ដោយការវាយប្រហារតាមអាកាសថ្មីរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់អះអាង នៅថ្ងៃសៅរ៍នេះ។
សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃនេះ ហើយអ្នកសារព័ត៌មានរបស់ AFP បានឲ្យដឹងកាលពីថ្ងៃសុក្រ (ទី១២ ខែមករា) ថា ការវាយប្រហារ និងការបាញ់ផ្លោង បានចំតំបន់ជាច្រើន រវាងទីក្រុងភាគខាងត្បូង Khan Yunis និង Rafah របស់តំបន់ហ្កាហ្សា ពោលគឺជាទីកន្លែងណែនណាន់តាន់តាប់ដោយមនុស្ស ដែលបានភៀសខ្លួនពីភាគខាងជើង។ ប្រតិបត្តិករដ៏ធំ Paltel បាននិយាយថា សេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទាំងអស់ នៅតំបន់ហ្កាហ្សាត្រូវបានកាត់ផ្ដាច់ កាលពីថ្ងៃសុក្រ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
ការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣.៧០៨នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល។
សង្រ្គាមបានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី៧ ខែតុលា ដោយការវាយប្រហារនោះបណ្តាលឲ្យមានអ្នកស្លាប់ប្រហែល ១.១៤០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។ ជាមួយគ្នានេះ ក្រុមសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ថ្នូរប្រមាណជា ២៥០នាក់ផងដែរ៕