ការផ្ទុះឡើងនៃខ្យល់ត្រជាក់ពីតំបន់អាក់ទិកបានវាយប្រហារភាគខាងលិចប្រទេសកាណាដា ដែលនាំមកនូវសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំងមិនធ្លាប់មាននៅក្នុងតំបន់មួយចំនួន។

អាកាសយានដ្ឋានអន្តរជាតិ វីកតូរៀ (Victoria) ក្នុងខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) និងអាកាសយានដ្ឋានអន្តរជាតិ អេដម៉ុនតុន (Edmonton) ក្នុងខេត្ត អាល់ប៊ីតតា (Alberta) ដែលជាខេត្តភាគខាងលិចទាំងពីរ បានរក្សាកំណត់ត្រាសីតុណ្ហភាពទាបបំផុតគឺដក ១១អង្សាសេ និងដក ៤៦អង្សាសេ រៀងគ្នាកាលពីថ្ងៃសុក្រ (១២ មករា) ម៉ោងក្នុងស្រុក។

អាកាសយានដ្ឋានអន្តរជាតិ វេនខូវើ (Vancouver) ដែលជាអាកាសយានដ្ឋានដ៏សំខាន់នៅភាគខាងលិចប្រទេសកាណាដា បានលុបចោលជើងហោះហើរចំនួន ១៨ជើង និងពន្យារពេលជើងហោះហើរចំនួន ៤០ជើង កាលពីថ្ងៃសុក្រ ដោយសារព្យុះព្រិល និងសីតុណ្ហភាពទាបខ្លាំងពេក។
សូម្បីតែនៅខេត្ត អនថារីយ៉ូ (Ontario) ភាគខាងកើត អាកាសយានដ្ឋានអន្តរជាតិ តូរ៉ុនតូ ភៀសុន (Toronto Pearson) ក៏ត្រូវលុបចោលជើងហោះហើរយ៉ាងហោចណាស់ ៦៩ជើងផងដែរ កាលពីថ្ងៃសុក្រដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។
លោក ដេវីត ហ្វីលីបស៍ (David Phillips) អ្នកនាំពាក្យសេវាកម្មឧតុនិយមនៃប្រទេសកាណាដា បាននិយាយថា ខ្យល់ត្រជាក់នឹងឆ្ពោះទៅភាគខាងត្បូង ហើយប៉ះពាល់ដល់ផ្នែកខាងលិចនៃសហរដ្ឋអាមេរិក។ អ្នកជំនាញរូបនេះក៏បានព្រមានផងដែរថា សីតុណ្ហភាពខ្លាំងបែបនេះនឹងកាន់តែធ្ងន់ធ្ងរឡើងជាមួយនឹងបម្រែបម្រួលអាកាសធាតុពិភពលោក៕