បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានឡើងតំលៃនៃសំណើទិញខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ដល់ ៧២.៦លានផោនរឺ ៨៥លានអឺរ៉ូ បន្ទាប់ពីសំណើចាស់ ៦៧លានផោនត្រូវបានច្រានចោលដោយ Borussia Dortmund។

កាលពីថ្ងៃទី១០ ខែមិថុនានេះ Manchester United បានដាក់សំណើផ្លូវការ ៦៧លានផោនទៅកាន់ Dortmund ដើម្បីនាំយកកីឡាករវ័យ ២១ឆ្នាំរូបនេះមកកាន់ Old Trafford តែក្លិបអាល្លឺម៉ង់មួយនេះបដិសេធ និងចង់បានក្នុងរង្វង់ ៧៧លានផោន បូកនឹងប្រាក់បន្ថែមផ្សេងៗជាង ៤លានផោនទៀត។ យ៉ាងណាក្តីសំណើចុងក្រោយនេះរបស់ Manchester United ទំនងជាអាចនឹងត្រូវបានបដិសេធម្តងទៀត។ Jadon Sancho នៅពេលនេះកំពុងស្ថិតនៅជាមួយក្រុមជំរើសជាតិអង់គ្លេសការប្រកួត Euro ២០២០ ខណៈ Dortmund ក៏បានបញ្ជាក់ជំហររបស់ខ្លួនដែរថា នឹងមិនឃាត់ឃាំងការចាកចេញរបស់ Sancho ឡើយតែចំបាច់ត្រូវរ៉ូវគ្នារឿងតំលៃដែរ។
Jadon Sancho ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៧ប្រកួតឱ្យ Dortmund និងរកបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ២០លើកឱ្យក្រុមជំរើសជាតិអង់គ្លេស។ រំលឹកដែរថា Manchester United ធ្លាប់បរាជ័យម្តងរួចមកហើយក្នុងការតាមទិញ Jadon Sancho កាលពី ១២ខែមុន៕
អត្ថបទ៖នាង សុភាវុធ