យោធាចិនបានចេញផ្សាយរូបភាពថ្មីៗនៃទូកមីស៊ីល ដែលធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃអាទិត្យ (១៤ មករា) នេះ រយៈពេលមួយថ្ងៃបន្ទាប់ពីបេក្ខភាពគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ បានឈ្នះការបោះឆ្នោតមេដឹកនាំថ្មី។

បញ្ជាការភាគខាងកើតរបស់កងទ័ពរំដោះប្រជាជន (PLA) ដែលទទួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បានបង្ហោះរូបភាពនៅលើគណនី វីឆាត (WeChat) របស់ខ្លួនដែលបង្ហាញពីទូកមីស៊ីលធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ ទោះយ៉ាងណាក៏ដោយ ការបង្ហោះនេះមិនបានបញ្ជាក់ពីទីតាំង ឬនិយាយចំៗអំពីការបោះឆ្នោតរបស់តៃវ៉ាន់ទេ។

សារបង្ហោះបានរៀបរាប់ថា បុគ្គលិកម្នាក់របស់ទូកមីស៊ីលនេះបានចូលរួមក្នុងសមរភូមិទ័ពជើងទឹកនៅខែសីហា ឆ្នាំ១៩៦៥ រវាងកងទ័ពជើងទឹកចិន និងកោះតៃវ៉ាន់ ដែលចិនទទួលបានជ័យជម្នះ។
យុទ្ធនាការបោះឆ្នោតគណបក្ស DPP របស់លោក ឡៃ គឺកំណត់អត្តសញ្ញាណដាច់ដោយឡែករបស់កោះតៃវ៉ាន់ និងបដិសេធការទាមទារទឹកដីរបស់ចិន។ ទន្ទឹមនឹងនោះ ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បាននិយាយថា ខ្លួននឹងមិនបោះបង់គោលដៅរបស់ខ្លួននៃ «ការបង្រួបបង្រួម» តៃវ៉ាន់ឡើយ៕