អ្នកនាំពាក្យក្រុមប្រដាប់អាវុធហាម៉ាស លោក អាប៊ូ យ៉ូបៃដា (Abu Ubaida) បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាជោគវាសនារបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលជាច្រើននាក់បានក្លាយទៅជាមិនច្បាស់លាស់។

នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់លោកអស់រយៈពេលជាច្រើនសប្តាហ៍ ដោយរំលឹកដល់ថ្ងៃទី១០០ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមមក លោក អាប៊ូ យ៉ូបៃដា បាននិយាយថា ចំណាប់ថ្នូរជាច្រើន «ប្រហែលជាត្រូវបានសម្លាប់» ដោយបន្ទោសជោគវាសនារបស់ពួកគេទៅលើខ្លួនអ៊ីស្រាអែល។

លោកបានបន្ថែមថា «ការចរចាណាមួយមុននឹងបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល គឺគ្មានតម្លៃនោះទេ។ ការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បានកើតឡើងជាការឆ្លើយតបទៅនឹង ការសម្លាប់រង្គាល ១០០ឆ្នាំប្រឆាំងនឹងប្រជាជនរបស់យើង ដែលធ្វើឡើងដោយអ្នកកាន់កាប់ និងក្រុមជនពាលអ៊ីស្រាអែល»។
ការវាយប្រហារដោយក្រុមហាម៉ាសនេះបានសម្លាប់មនុស្សជាង ១.២០០នាក់ ដែលជាការបាត់បង់ជីវិតដ៏ធំបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីការបង្កើតរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ មក។ ក្រុមអ្នកវាយប្រហារបានចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ ហើយបានចាប់ពួកគេទៅកាន់តំបន់ហ្កាហ្សា។
ដោយនិយាយអំពីលទ្ធភាពនៃការពង្រីកការវាយប្រហារ លោក អាប៊ូ យ៉ូបៃដា បានបន្ថែមថាក្រុមនេះទទួលដំណឹងពី «ភាគីជាច្រើននៅក្នុងជួរមុខនៃការតស៊ូ ថាពួកគេនឹងពង្រីកការវាយប្រហាររបស់ខ្លួនទៅលើសត្រូវអ៊ីស្រាអែលនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕