រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា សង្រ្គាមនៅតំបន់ហ្កាហ្សា នៅតែបន្តកើនឡើង ហើយចិនកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ ប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ព្រមទាំងកំណត់ពេលវេលាជាក់ស្តែង ដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរ។

លោក វ៉ាង បានធ្វើការអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េស សួគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដោយចែករំលែកទស្សនៈរបស់ខ្លួនស្តីពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃអាទិត្យ។

ដោយឡែក លោក វ៉ាង ក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ ដែលភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើជម្លោះ ដោយឈានដល់ចំណុចជាច្រើនលើការជួយដោះស្រាយវិបត្តិ។

លោក វ៉ាង ក៏បានបន្ថែមផងដែរថា សហគមន៍អន្តរជាតិគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះកង្វល់ស្របច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់ «ហើយអភិបាលកិច្ចនាពេលអនាគតរបស់តំបន់ហ្កាហ្សា គួរតែជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»៕