មេដឹកនាំថ្មីកោះតៃវ៉ាន់ដែលទើបជាប់ឆ្នោត លោក ឡៃ ឈីងតឺ (Lai Ching-te) បានប្រាប់គណៈប្រតិភូទស្សនកិច្ចរបស់អតីតមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃចន្ទ (១៥ មករា) នេះថា លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រកោះតៃវ៉ាន់បន្តទៀត។

លោក ឡៃ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនគឺ វីលៀម បាននិយាយថារដ្ឋបាលរបស់លោកនឹងបន្តការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច បានឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ មករា) ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា។

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានភ័យខ្លាចថាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ការផ្លាស់ប្តូរ និងរដ្ឋបាលថ្មី នឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធលើកោះតៃវ៉ាន់ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន៕