ព្រះមហាក្សត្រដាណឺម៉ាក ព្រះអង្គ ហ្វ្រេដេរីក ទី១០ (Frederik X) បានឡើងសោយរាជ្យកាលពីថ្ងៃអាទិត្យ (១៤ មករា) ដោយបន្តរាជ្យសម្បត្តិពីមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ ទី២ (Margrethe II) ដែលបានដាក់រាជ្យជាផ្លូវការបន្ទាប់ពីរយៈពេល ៥២ឆ្នាំជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីដើម្បីធ្វើជាសាក្សីដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

ម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ ព្រះជន្ម ៨៣ឆ្នាំ បានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើលកាលពីថ្ងៃចូលឆ្នាំសកលនៅពេលដែលព្រះនាងបានប្រកាសថាទ្រង់មានគម្រោងក្លាយជាព្រះមហាក្សត្រដាណឺម៉ាកដំបូងគេក្នុងរយៈពេលជិត ៩០០ឆ្នាំក្នុងការស្ម័គ្រចិត្តលះបង់រាជបល្ល័ង្ក។

ការស្នងរាជ្យនេះត្រូវបានធ្វើឡើងជាផ្លូវការនៅពេលដែលម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ បានចុះព្រះហត្ថលេខាលើការប្រកាសដាក់រាជ្យរបស់ទ្រង់ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅសភា។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសនោះ ម្ចាស់ក្សត្រីបានធ្វើកាយវិការទៅកាន់ព្រះអង្គ ហ្វ្រេដេរីក ដោយបង្ហាញថាឲ្យទ្រង់បន្តរាជបល្ល័ង្ក។
ប្រទេសដាណឺម៉ាក ជាប្រទេសដែលមានរាជាធិបតេយ្យចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក មិនមានពិធីឡើងសោយរាជ្យទេ ប៉ុន្តែប្រជាជននៅតែមានភាពរីករាយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ៕