ភ្នំពេញ ៖ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបន្តជួយចែករំលែកនូវបទពិសោធន៍របស់ខ្លួនបន្ថែមទៀត ក្នុងការថែ រក្សាស្ថិរភាព និងសន្តិភាព ដល់បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ក៏ដូចជាទ្វីបដទៃទៀតទាំង ប្រើភាសាបារំាង និងមិនប្រើភាសាបារាំង។
នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានលើកឡើងថា លោកជំទាវ សូមសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។
នៅក្នុងកិច្ចជំនួបនោះដែរ លោកជំទាវអគ្គលេខាធិការ «បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព និងសន្ដិភាពដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក»។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ សម្ដេចធិបតី បានថ្លែងទៀតថា ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ៤០% ដែលនេះបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចរដ្ឋបាលជារួម ក៏ដូចជាការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ៕ អត្ថបទ ៖ បាន ចក់



