ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅរដ្ឋរ៉ាឃីន ភាគខាងលិចសហភាពមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានកាន់កាប់ទីក្រុងមួយជាប់ព្រំដែនឥណ្ឌា និងបង់ក្លាដែស ដែលជាការខាតបង់ចុងក្រោយបំផុតសម្រាប់រដ្ឋាភិបាលយោធា ខណៈដែលរបបសឹកនេះប្រយុទ្ធនឹងការបះបោរនៅក្នុងតំបន់ជាច្រើននៃប្រទេស។

មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងជម្លោះនៃការបះបោរនៅលើសមរភូមិមុខជាច្រើន ដែលក្រុមប្រឆាំងរដ្ឋាភិបាលសម្ព័ន្ធមិត្ត គាំទ្រដោយរដ្ឋាភិបាលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើន។ នេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលរបបសឹកបានជួបប្រទះចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ២០២១ មក។

អ្នកនាំពាក្យរបស់កងទ័ពអារ៉ាកាន (AA) បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានដណ្តើមយកទីក្រុង ផាឡេតវ៉ា (Paletwa) ដែលជាទីក្រុងកំពង់ផែមួយនៅលើទន្លេ កាឡាដាន (Kaladan) ដោយជាគន្លឹះក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។
ការដួលរលំនៃទីក្រុង ផាឡេតវ៉ា នៅភាគខាងលិចនេះកើតឡើងបន្ទាប់ពីក្រុមឧទ្ទាមមួយផ្សេងទៀតនៅក្នុងសម្ព័ន្ធភាតរភាពត្រីភាគី គឺក្រុមកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា MNDAA បានដណ្តើមយកទីក្រុង ឡោកខៃ (Laukkai) ភាគខាងជើងរដ្ឋសាន (Shan) នៅជាប់ព្រំដែនជាមួយប្រទេសចិន៕