ប្រភពពីនគរបាល បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ បានរងរបួសនៅក្នុងការផ្ទុះធុងឧស្ម័ននៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ប្រភពពីនគរបាលទីក្រុង Peshawar បានប្រាប់សារព័ត៌មានស៊ីនហួថា ការផ្ទុះនេះ បានកើតឡើងនៅក្នុងហាងលក់ធុងហ្គាសមួយកន្លែងនៅជិតតំបន់ Ring Road ទីក្រុង Peshawar ទីរួមខេត្ត Khyber Pakhtunkhwa។

ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយនគរបាល បានបើកការស៊ើបអង្កេតលើការផ្ទុះនេះ។
បន្ទាប់ពីឧបទ្ទវហេតុ កម្លាំងនគរបាល និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នករងរបួសជាច្រើននាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។