កណ្ដាល ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ក្រុង-ស្រុក, ក្រុមការងារតាមវិស័យទាំង៨ ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ផ្តល់កិច្ចសហការ, ការគាំទ្រ និងការសម្របសម្រួលដល់ការបំពេញភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច សំដៅបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកម៉ិញនេះ នៅសាលាខេត្តកណ្ដាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានស្នើរឲ្យក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋបាលខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស, ការជម្រិតទារប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ។ល។ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម។ ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេស- ជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួល បានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និង កាន់តែឆាប់។
ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានពាំនាំការសួរ សុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕ ដោយ ៖ សៅ យ់ាម៉ង់








