ស្វាយរៀង ៖ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ ២០២៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២២ នាក់។
ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល បានអានខ្លឹមសារអនុសាសន៍ទាំង ៦ ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៃមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧។ អានខ្លឹមសារណែនាំទាំង ៤ ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកណ្តាលអាណត្តិទី ៧។ ខ្លឹមសារអនុសាសន៍ និងការណែនាំនេះសម្រាប់យកទៅអនុវត្តទាំងថ្នាក់កណ្តាល ថ្នាក់សាខា អនុសាខា។
ឯកឧត្តម ម៉ែន វិបុល បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងស្រុក ក្រុមកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀត ដោយមិនគិតពេលវេលាឡើយ។
មានប្រសាសន៍បូកសរុបក្នុងអង្គប្រជុំ និងក្រោយពីបានស្តាប់ការពិភាក្សា មតិយោបល់ និងអនុម័តទៅលើសេចក្តីព្រាងរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅអនុវត្តបន្តរួចមក ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានយកចិត្តទុកដាក់ចូលរួមបញ្ចេញមតិយោបល់ កែសម្រួលបំពេញបន្ថែម និងអនុម័តទៅលើរបាយការណ៍ប្រចាំឆ្នាំ ២០២៣ និងទិសដៅការងារបន្ត។
ឯកឧត្តមថ្លែថា ចំពោះអនុសាខាពេលមានបញ្ហាអ្វីត្រូវរាយការណ៍មកសាខាតាមរយៈតេឡេក្រាមដើម្បីសាខាឆ្លើយតបបានទាន់ពេលវេលា ហើយបើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៍នៅតែខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះ៕ ដោយ ៖ ដារា




