
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងទីភ្នាក់ងាររដ្ឋាភិបាល កំពុងប្រឹងប្រែង ដើម្បីបង្កើតការការពារប្រឆាំងនឹងការវាយប្រហារដោយយានដ្រូនរបស់ក្រុមភេរវករ ជាការគំរាមកំហែងមួយដែលធ្វើឲ្យអ្នកជំនាញសន្តិសុខមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលពួកគេបានឃ្លាំមើលការកើនឡើងនៃសង្គ្រាមយានដ្រូន នៅក្នុងប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងយេម៉ែន។
ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក អ៊ីស្រាអែល និងក្រុមហាម៉ាស បានប្រើប្រាស់យានដ្រូនវាយប្រហារគ្នាទៅវិញទៅមកនៅក្នុងតំបន់ហ្កាហ្សា រួមទាំងនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុមហាម៉ាស ដែលបង្ហាញឲ្យ ឃើញយានដ្រូនតូចមួយគ្រឿង បានទម្លាក់គ្រាប់បែកលើក្រុមទាហានអ៊ីស្រាអែល។ ក្រុមឧទ្ទាមហួទី របស់ប្រទេសយេម៉ែន បានប្រើប្រាស់យានដ្រូនជាច្រើនគ្រឿង ដើម្បីកំណត់គោលដៅដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ដោយបានបើកដំណើរការយ៉ាងហោចណាស់ ២១ លើក ក្នុងការវាយប្រហារមួយក្នុងខែនេះ ហើយអស់រយៈពេលជាច្រើនខែមកហើយ។ ចំណែករុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុងចាប់ផ្តើមការវាយប្រហារដោយយានដ្រូនទៅលើគ្នាទៅវិញទៅមក ដោយរុស្ស៊ីបានប្រើប្រាស់យានដ្រូនរហូតដល់ទៅ៧៥គ្រឿងនៅក្នុងខែវិច្ឆិកា។
យានដ្រូន ដែលប្រើក្នុងការវាយប្រហារនេះ ច្រើនតែកើតមានក្នុងទម្រង់ជាយន្តហោះតូចៗ ដែលអាចបញ្ជាពីចម្ងាយ ដែលពេញនិយមក្នុងចំណោមអ្នកចូលចិត្ត។ ពួកវាត្រូវបានបំពាក់ដោយគ្រឿងផ្ទុះតូចមួយ ដើម្បីទម្លាក់លើគោលដៅ ឬគ្រាន់តែធ្លាក់ចូលទៅក្នុងគោលដៅបំផ្ទុះដោយខ្លួនឯង។