អាជ្ញាធរ និងកងកម្លាំងចម្រុះ បានបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនល្មើស៥នាក់ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ។
ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិ សាស្ត្រអតីតឡូត៍នេសាទលេខ២ និងតំបន់រ៉ាមសារព្រែកទាល់ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។

ជាលទ្ធផល បានបំផ្លាញ និងដុតសាច់មង ជិត២ម៉ឺនម៉ែត្រ, ឡុក ចំនួន៥០, បង្គោលឈើ ១០០០ដើម និង លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ប្រមាណជិត៥០០គីឡូក្រាម។
ចំណែកជនល្មើស៥នាក់ ត្រូវបានប្រគល់ឱ្យមន្រ្តីជំនាញជលផល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានោះ អ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាច្រើននាក់ផ្សេងទៀត ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្ម ។

ពាក់ព័ន្ធការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នេះ លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានប្រកាសឱ្យអ្នកប្រព្រឹត្តបទល្មើសទាំងអស់ ត្រូវប្រញាប់រុះរើរឧបករណ៍នេសាទចេញជាបន្ទាន់ ក្នុងករណីមិនអនុវត្តតាមការណែនាំ នឹងរងនូវវិធានការច្បាប់ គឺបង្រ្កាប និងចាប់ខ្លួនបញ្ជូនទៅតុលាការ និងកម្ទេចវត្ថុតាងចោលនៅនឹងកន្លែង៕

