កំពង់ចាម៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្សព្វផ្សាយអំពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិក្នុងរាល់ជំនួប និងវេទិកានានាលើឆាកអន្តរជាតិដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម តាង នាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្តម លី ធុជ បញ្ជាក់ថា បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកកម្មចម្បងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី។ ដូច្នេះក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមបានណែនាំឱ្យសមាជិក សមាជិកា និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់សា ធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា។
ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អប្រសើរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលការកសាងទំនាក់ទំនងនេះ ត្រូវតែធ្វើឡើងជាប្រចាំឱ្យមានស្និទ្ធស្នាល និងស្អាតស្អំ។ សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះជួយគ្នាទៅវិញទៅមកដោយត្រូវចាត់ទុកថារាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋដែលទទួលបានហើយ ត្រូវតែមានដំណោះស្រាយដាច់ខាតសម្រាប់បម្រើផលប្រយោជន៍ដល់មូលដ្ឋាន៕ដោយ៖ ភារម្យ








