ភ្នំពេញ ៖ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក បានប្ដេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីឲ្យកម្ពុជា សម្រេចតាមគោលដៅរបស់ខ្លួន ។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក Scott Morris លើកឡើងថា ADB បានធ្វើការវាយតម្លៃខ្ពស់ ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ របស់កម្ពុជា ដែលបានដាក់ចេញ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
លោកបានបន្តថា ឆ្លើយតបនឹងការគាំទ្រនេះ ធនាគារ ADB សន្យាចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលក្នុងនោះមានវិស័យអភិវឌ្ឍន៍ជនបទ ដូចជាការកសាងសងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តន៍ចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាពលរដ្ឋ រស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា,ទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន និងទី៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។
ជាមួយនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើង ពីបញ្ហាប្រឈាមមួយចំនួន ដែលត្រូវដោះស្រាយ ដូចជាការពង្រឹងគុណភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ, ការអប់រំឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រកាន់យកនូវឥរិយាបថអនាម័យល្អ និងការលើកទឹកចិត្តបង្កើតមុខរបរបង្កើនចំណូលគ្រួសារ នៅជនបទជាដើម ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះធនាគារ ADB ដែលកន្លងមកបានផ្តល់ការគាំទ្រលើគម្រោង ចំនួន៤ និងកំពុងត្រៀមលក្ខណៈអនុវត្តន៍នូវគម្រោង ចំនួន១ បន្ថែមទៀត ហើយនឹងបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ឲ្យកាន់តែល្អប្រសើរ ៕ ដោយ ៖ បាន សុខរិទ្ធិ





