
ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា ប្រទេសរបស់លោក នឹងផ្តល់មីស៊ីលតម្រង់គោលដៅទៅឲ្យអ៊ុយក្រែន និងជំនួយយោធាផ្សេងៗទៀត។ លោក Macron បានធ្វើសន្និសីទសារព័ត៌មានមួយនៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។
លោក បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ នៅពេលនោះ លោកនឹងប្រកាសពីការសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។
លោក Macron បាននិយាយថា ប្រទេសបារាំង នឹងបញ្ជូនមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ SCALP ប្រមាណ ៤០គ្រាប់ និងគ្រាប់បែករាប់រយគ្រាប់ ដល់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ក្រុមប្រទេសG7 បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីប្រទេសអ៊ុយក្រែន កាលពីខែកក្កដាឆ្នាំមុន ដែលក្នុងនោះពួកគេម្នាក់ៗ បានព្រមព្រៀងផ្តល់ការគាំទ្រផ្នែកសន្តិសុខរយៈពេលវែងដល់ប្រទេសនេះ។
ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយ ជាមួយប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយផ្អែកលើសេចក្តីប្រកាស។ អ៊ុយក្រែន និយាយថា ខ្លួនកំពុងចរចាកិច្ចព្រមព្រៀងជាមួយប្រទេសប្រហែល ៣០ប្រទេស ។