
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានច្រានចោលដំណោះស្រាយ កាលពីថ្ងៃអង្គារ (ទី១៦ ខែមករា) នេះ ដែលនឹងផ្អឹបទុកជំនួយសន្តិសុខដល់អ៊ីស្រាអែល ប្រសិនបើក្រសួងការបរទេសមិនបង្កើតឲ្យមាននូវរបាយការណ៍ក្នុងរង្វង់ ៣០ថ្ងៃ ដើម្បីពិនិត្យមើលថា តើអ៊ីស្រាអែលបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស នៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាដែរ ឬអត់។
សមាជិកព្រឹទ្ធសភាចំនួន ៧២រូប បានបោះឆ្នោតបដិសេធសេចក្ដីសម្រេច ដោយប្រឆាំងនឹងចំនួន ១១រូប ដែលគាំទ្រសេចក្ដីសម្រេចនេះ។ ការបោះឆ្នោតនេះត្រូវបានជំរុញឲ្យកើតឡើងដោយព្រឹទ្ធសមាជិក លោក Bernie Sanders ជាអ្នកឯករាជ្យដែលប្រជុំជាមួយគណបក្សប្រជាធិបតេយ្យ។ ខណៈពេលដែលសេចក្ដីសម្រេចត្រូវបានច្រានចោល វាបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី លោក Joe Biden ជាពិសេសក្រុមឆ្វេងនិយម ជុំវិញការផ្គត់ផ្គង់អាវុធរបស់អាមេរិកដល់អ៊ីស្រាអែល បើទោះបីជាកើនឡើងនូវចំនួនអ្នកស្លាប់យ៉ាងឆាប់រហ័សនៃជនស៊ីវិលប៉ាឡេស្ទីន ក្នុងជម្លោះនៅតំបន់ហ្កាហ្សាក៏ដោយ។
សេតវិមានបាននិយាយថា ខ្លួនប្រឆាំងនឹងសេចក្ដីសម្រេច ដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកការដាក់លក្ខខណ្ឌលើជំនួយសន្តិសុខដល់អ៊ីស្រាអែល។ សមាជិកព្រឹទ្ធសភាដែលប្រឆាំងនឹងវិធានការនេះ បាននិយាយថា មានការបញ្ជូនសារមិនត្រឹមត្រូវ នៅពេលដែលអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងផ្លាស់ប្តូរទៅរកយុទ្ធនាការដែលមានគោលដៅកាន់តែច្រើនបន្ថែមទៀត៕